លោក ហ៊ុន ម៉ានី អំពាវនាវ ឲ្យអនុវត្ត ៣ការពារ ៣កុំ ដើម្បីឆ្ពោះទៅការ បើកសាលាឲ្យសិស្សចូលរៀន ដោយផ្ទាល់ឡើងវិញ

លោក ហ៊ុន ម៉ានី អំពាវនាវ ឲ្យអនុវត្ត ៣ការពារ ៣កុំ ដើម្បីឆ្ពោះទៅការ បើកសាលាឲ្យសិស្សចូលរៀន ដោយផ្ទាល់ឡើងវិញ

ខេត្តកណ្ដាល៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ជាមួយនឹងភាពជោគជ័យនេះ ខ្ញុំសូមបន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សផ្ទាល់ បន្តចូលរួមគោរពនូវគោលការណ៏ ០៣ការពារ ០៣កុំ ឆ្ពោះទៅការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងទ្រង់ទ្រាយធំ និងដោយសុវត្ថិភាពនាពេលខាងមុខនេះ។

ការអំពាវនាវនេះធ្វើឡើង ក្នុងពេលលោកចុះទៅដល់វិទ្យាល័យហ៊ុន សែន ថ្នល់ទទឹង នៅថ្ងៃទី១៥ ខែកញ្ញា ព្រឹកមិញនេះ។

លោក ហ៊ុន ម៉ានី បានលើកថា ថ្ងៃនេះ ខ្ញុំបានចុះមកដល់វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងក្របខណ្ឌខេត្តកណ្តាល។ បើទោះពេលនេះ យើងមិនទាន់អាចបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ក្នុងទ្រង់ទ្រាយធម្មតា នេះជាជំហ៊ានដ៏វិជ្ជមានមួយ ឆ្ពោះទៅការបើកសាលាគ្រប់កម្រិតក្នុងទ្រង់ទ្រាយធំ តាមបែបប្រក្រតីថ្មីនាពេលខាងមុខនេះ។

លោក ហ៊ុន ម៉ានី បន្តទៀតថា លទ្ធភាពរបស់កម្ពុជា ក្នុងការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់នៅពេលនេះ ឆ្លុះបញ្ជាំងពីការអនុវត្តនូវគោលនយោបាយដ៍ត្រឹមត្រូវ និងជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព មានជាអាទិ៍ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋទូទៅនាពេលកន្លងមក។ ការបើកសាលាឲ្យសិស្សបានចូលរៀនដោយផ្ទាល់នៅពេលនេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ស្ថាប័នពាក់ពាក់ព័ន្ធ ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមគោរព និងអនុវត្តនូវវិធានការការពារយ៉ាងហ្មត់ចត់ពីសំណាក់អាណាព្យាបាលសិស្ស សិស្សផ្ទាល់ និងប្រជាពលរដ្ឋទូទៅ៕SRP