អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យ​សហការគ្នា​ ពង្រឹងប្រមូលចំណូល លើវិស័យបរិស្ថាន

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យ​សហការគ្នា​ ពង្រឹងប្រមូលចំណូល លើវិស័យបរិស្ថាន

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឲ្យ​ចូលរួមសហការគ្នា ពង្រឹងការប្រមូលចំណូល លើវិស័យបរិស្ថាន ឲ្យស្របទៅតាមគោលការណ៍ ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្ដីអំពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត​ នៅព្រឹកមិញនេះ។

អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា វិស័យបរិស្ថាន បានចូលរួមយ៉ាងសកម្ម លើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុក ក្រុង បានយ៉ាងច្រើន នាពេលកន្លងមក​។ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំ​ឲ្យ​មានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី ឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្ត។

លោកថានាពេលកន្លងមកនេះ វិស័យបរិស្ថាន បានជួបប្រទះនូវបញ្ហាមួយចំនួន ដោយសាររដ្ឋបាល ក្រុង ស្រុកខ្លះ មិនបានអនុវត្ត​ឲ្យ​បានពេញលេញ ទៅតាមសេចក្តីប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ដូច្នេះ ធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូល សម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត។ តាមរយៈនេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួង ក្នុងការប្រមូលចំណូល។

បើតាមលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូលចំណូលមិនមែនសារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និងវិភាគទាន របស់មន្ទីរបរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ច ថ្នាក់រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពីការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម។ ដូច្នេះ តាមរយៈកិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការដើម្បីមន្ទីរបរិស្ថានបានអនុវត្តតួនាទីភារកិច្ចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕SRP