ខេត្តសៀមរាប៖នៅមុននេះបន្តិចនាវេលាម៉ោងជាង៩យប់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១នេះ បុរសម្នាក់បើកម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅលើដងផ្លូវជាតិលេខ៦ នៅខាងលិចក្បែរភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្លាកលេខ ១V.៧០៨១ សេរី០១៦ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់អាយុប្រហែលជាង២០ឆ្នាំ ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវយឺតពណ៌ទឹកមាស និងមានពាក់អាវភ្លៀងពណ៌ខៀវ ទិសដៅពីលិចទៅកើត(ស្លាប់)។ ចំណែកឯរថយន្តប្រភេទកាត់តពាក់ស្លាកលេខសៀមរាប២B ៦១៧៦ ក្បាលពណ៌ស ទិសដៅពីកើតមកលិច។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅទីបញ្ជាការចរាចរណ៍មាត់ស្ទឹងសៀមរាប ដើម្បីរង់ចាំការដោះស្រាយ។
ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងលម្អិតនៅឡើយទេ៕SRP

