ខេត្តឧត្តរមានជ័យ៖អគារប៉ុស្តិ៍នគរបាលថ្មី១ខ្នងមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីថ្មប្រក់គ្បឿង សម្រាប់ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅជិតរង្វង់មូលព្រះបាទជ័យវរន្ម័ទី៧ នឹងជាសមិទ្ធិផលផ្សេងៗទៀត ដែលអង្គភាពបានស្ថាបនាកសាងឡើងទាំងស្រុងក្នុងរយៈពេលតែ១ឆ្នាំ ស្ថិតក្នុងក្រុងសំរោង ត្រូវបានសម្ពោធដាក់ឲ្យដំណើរប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះក្រោមវត្តមាន លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
លោកហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា៖ បន្ទាប់ពីរូបលោកបានទទួលមុខតំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ បានរយៈពេល១ឆ្នាំកន្លងមកលោកបានខិតខំអនុវត្តន៍តាមបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយន៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនឹងឯកឧត្តមអភិបាលខេត្ត ក្នុងការអភិវឌ្ឃន៍កសាងអង្គភាពរបស់ខ្លួន ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន ឲ្យមានភាពល្អប្រសើរបានលើគ្រប់វិស័យ ដើម្បីបម្រើប្រយោជន៍ ការងារសន្តិសុខ ភូមិ ឃុំមានសុវត្ថិភាព ជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងមានសុវត្ថិភាពសន្តិសុខសង្គមល្អ។
លោកបានបន្តថា ក្នុងនោះដែរអង្គភាពបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់របស់អង្គភាពឲ្យមានមុខមាត់ថ្មី ក្នុងទឹកដីខេត្តឧត្តរមានជ័យ ដើម្បីជាទុកជាប្រយោជន៍រួមដល់អ្នកដឹកនាំជំនាន់ក្រោយៗទៀត បានថែរក្សាបន្តរួមមានកសាងប៉ុស្តិ៍នគរបាលធ្វើអំពីថ្មបានចំនួន៥ប៉ុស្តិ៍ ក្លោងទ្វារអធិការបានចំនួន៣កន្លែងនឹងកែសម្រួលប៉ុស្តិ៍តូចៗបានចំនួន១៤ប៉ុស្តិ៍បន្ថែមទៀត ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយន៍សន្តិបណ្ឌិតនេតសាវឿន បានចំណាយថវិកា រួមសរុបពីសប្បុរសជន អស់ចំនួន២១០៩០៩ដុល្លារ។
នៅចំពោះមុខកងកម្លាំងនគរបាល ក្នុងពិធីសម្ពោធនេះ លោកប៉ែន កុសល្យ បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះលោកស្នងការថ្មីដែលមកកាន់តំណែងត្រឹមតែរយៈខ្លី១ឆ្នាំប៉ុណ្តោះបានកសាងអភិវឌ្ឃន៍អង្គភាពរបស់ខ្លួនបាននូវសមិទ្ធិផលយ៉ាងច្រើនក្នុងមូលដ្ឋានដែលខ្លួនដឹកនាំ។
អភិបាលខេត្តបន្តថា សមិទ្ធិផល ទាំងអស់នេះហើយគឺផ្តើមចេញឡើងពីទឹកចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងសំខាន់ ពីបុគ្គលម្នាក់ៗ ដែលមានឆន្ទះមុះមុត ទើបមានការអភិវឌ្ឃន៍នេះលេចធ្លោឡើងយ៉ាងច្រើនដូច្នេះដើម្បីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តដោយមានភាពកក់ក្តៅផងដែរ៕SRP

