អាវុធហត្ថឃាត់ខ្លួនអ្នកព័ត៌មាន១០នាក់ ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារ ពីអ្នកដឹកឈើ

0

ខេត្តស្ទឹងត្រែង៖កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន១០នាក់នៅពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១ ព្រឹកមិញនេះ។

សមត្ថកិច្ចក្នុងហេតុការណ៍ បានឲ្យដឹងថាអ្នកសារ ព័ត៌មានចំនួន១១នាក់ជិះរថយន្ត៣គ្រឿងបានឃាត់រថយន្តយីឌុបដឹកឈើ ប្រភេទគ្រឿងផ្ទះមួយគ្រឿង នៅលើដងផ្លូវជាតិលេខ៩ ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពបន្តថា អ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកនៅ ក្នុងខេត្តស្ទឹងត្រែងទេ គឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងដែលបានចុះមកបំពេញ ការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លុះពេលប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើនោះ។ បន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះ នាំគ្នាបើករថយន្តចេញអស់។ ខណ:នោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ។

ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែបខេត្តព្រះវិហារ ឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។

អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១០នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។ ចំពោះរថយន្តដឹកឈើមួយគ្រឿងនោះក៏ត្រូវបានឃាត់ទុកផងដែរ។

ប្រភពបញ្ជាក់ថា រថយន្តដឹកឈើខាងលើនោះ មានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាប រិវ៉ាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។

ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេ ត្បិតកំពុងធ្វើការសាកសួរនៅឡើយ៕SRP