អភិបាលខេត្តកំពង់ចាម​ ប្រាប់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ទាំងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានប្រាប់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ទាំងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ដោយត្រូវចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ និង ៣កុំ» ដោយពាក់ម៉ាស ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។​

លោកប្រាប់ពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះក្នុងឱកាសចុះពិនិត្យស្ថានភាពពលរដ្ឋ ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ​ ក្រោយពីអាជ្ញាធរបិទខ្ទប់ភូមិ បន្ទាប់ពីពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ១៩ ស្ថិតនៅក្នុងភូមិ៣៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ។

បេីយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង​​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវីដ​-១៩​ ដោយមានករណីជាសះស្បើយ​ ចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩​ ចំនួន ២២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២នាក់, ស្រុកកំពង់សៀម ១នាក់, ស្រុកកងមាស ១នាក់, ស្រុកកោះសូទិន ១នាក់, ស្រុកចំការលើ ២នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកព្រៃឈរ ៥នាក់, ស្រុកស្ទឹងត្រង់ ២នាក់ ដោយឡែក​មកពីខេត្តស្ទឹងត្រែង ៤នាក់, ខេត្តមណ្ឌលគីរី ១នាក់, ខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ១នាក់​ផងដែរ​៕SRP