ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអតីតយុទ្ធជនយើង សូមឲ្យមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក្តី ដោយត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ។
លោក អ៊ុន ចាន់ដា បានថ្លែងថា មេរោគបម្លែងខ្លួនថ្មីប្រភេទ ដែលតា វាពិតជាងាយឆ្លងណាស់ មានតែការចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញនេះទេ ដែលអាចការពារយើង ឲ្យចៀសផុតពីជំងឺកូវី ឬមេរោគបម្លែងខ្លួនថ្មីបាន ព្រោះប្រភេទវ៉ាក់សាំងនេះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឲ្យមានភាពរឹងមាំបន្ថែមទៀត។
លោកថ្លែងរំលឹកយ៉ាងដូច្នេះ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោកថ្លែងបន្តថាដោយមានការយកចិត្តទុកដាក់ គិតគូរ ចំពោះសុខភាពរបស់បងៗ ពូៗ អតីតយុទ្ធជនទាំងអស់ សម្តេចហ៊ុន សែន បានផ្ដល់វ៉ាក់សាំងម្ជុលទី៣ ជាដូសជំរុញ សម្រាប់ចាក់ជូនអតីតយុទ្ធជនយើង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី១ បានចំនួន ៦០២.៧២៦នាក់ ដូសទី២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់៕SRP

