ក្រុមមន្ត្រីខេត្តបាត់ដំបង ចុះណែនាំ ដល់អាជីវករលក់ដូរតាមភោជនីយដ្ឋាន

0

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្តីពីការអនុវត្តសេចក្តីសម្រេចលេខ ៣១៨/២១ សសរ របស់រដ្ឋបាលខេត្តបាត់ដំបង តាមភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងតូបលក់អាហារតាមវិថីលក់ម្ហូបអាហារទូទាំងក្រុងបាត់ដំបង។

លោកអ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងប្រតិបត្តិការនេះ មន្ត្រីបានរកឃើញអាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀត បានចូលរួមសហការនិងអនុវត្តតាមវិធានសុវត្ថិភាពបានល្អ និងមួយចំនួនតូចការអនុវត្តនៅមានកម្រិត។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះអោយបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ ក្រើនរំលឹកពីពេលវេលាបំរាមគោចរផងដែរ។

លោកប្រធានមន្ទីរ បានបន្តទៀតថា មានអាហារដ្ឋានមួយទីតាំង ឈ្មោះ បុកល្ហុងបែបថៃ ស្រាក្រឡុក ស្ថិតលើសួនច្បារមាត់ស្ទឹងជាប់នឹងគល់ស្ពានសោហឺត្រើយខាងកើត ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលមិនមានអាជ្ញាប័ណ្ណទេសចរណ៍ មិនអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដោយអនុញ្ញាតអោយភ្ញៀវចូលទៅប្រមូលផ្តុំសេពគ្រឿងស្រវឹងស្ទើរតែគ្រប់តុ និងមានបោះសម្រាមពាសវាលពាសកាលលើសួនច្បារផងដែរ។

បើតាមប្រធានមន្ទីរបានឲ្យដឹងថាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងពង្រឹងការចុះអនុវត្តការងារ អោយមានប្រសិទ្ធិភាពខ្ពស់ មន្ទីរទេសចរណ៍សូមស្នើសុំ បិទផ្អាកដំណើរការទីតាំងអាហារដ្ឋានខាងលើ៕SRP