ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា អំណោយមនុស្សធម៌របស់ព្រះមន្ត្រីសង្ឃ និងសប្បុរសជន នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ក្នុងឱកាសទទួលអំណោយឧបត្ថម្ភ ពីព្រះមន្ត្រីសង្ឃ និងសប្បុរសជន។
លោកអ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដែលបានឧបត្ថម្ភ ថវិកាចំនួន២លានរៀល និងទឹកបរិសុទ្ធ ចំនួន៥០០យួរ .ក្រុមហ៊ុន ជេធី អ៊ិនធីណេសិនណល ឧបត្ថម្ភ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន១០គ្រឿង ធុងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន១០គ្រឿង ទឹកថ្នាំសម្លាប់មេរោគ និងទឹកអាល់កុល ចំនួន១០កាន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕SRP

