ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាគិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ ជូនប្រជាពលរដ្ឋចំនួន៨លាននាក់រួចហើយ។
នៅលើគណនីផេកហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា៖ នៅថ្ងៃ១០សីហា២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
នាយករដ្ឋមន្ត្រីបានបន្តថា៖ដំណើរឆ្ពោះទៅរក១០លាននាក់ នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱយយើង សម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។
បើតាមនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា៖ លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះថឹង ថាអាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕SRP

