អភិបាលខេត្តកំពង់ចាម អំពាវនាវ​ដល់មាតាបិតា នាំកូនៗ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង

ខេត្តកំពង់ចាម៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់មាតាបិតា និងអាណាព្យាបាល របស់កុមារ និងយុវវ័យមាន អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ

លោកថ្លែងអំពាវនាវនៅថ្ងៃទី​៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ​ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។

លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានដាក់ចេញនូវ «ផែនការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ» សំដៅបង្កើត​ឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមជម្រាបថារដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កូនក្មួយជាកុមារ និងយុវវ័យដែលបានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅដោយមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយមានចំនួន២២ ទីតាំង​៖
១.ក្រុមកំពង់ចាម ១ទីតាំង​ – មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​។

២.ស្រុកកំពង់សៀម ២ទីតាំង​ ​-មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពកោះរកា។

៣.ស្រុកចំការលើ ៣ទីតាំង​ -មណ្ឌលសុខភាពស្ពឺ -មណ្ឌលសុខភាពចំការអណ្តូង និងមណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)​។

៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ -មណ្ឌលសុខភាពពាមកោះស្នា និងមណ្ឌលសុខភាពមេសរជ្រៃ។

៥.ស្រុកព្រៃឈរ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ -មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង)​ និងមណ្ឌលសុខភាពគគរ។

៦.ស្រុកជើងព្រៃ ២ទីតាំង​ -មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ)​ និង​មណ្ឌលសុខភាពស្ដើងជ័យ។

៧.ស្រុកបាធាយ ២ទីតាំង​ -វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ និងវត្តសណ្ដែក (ឃុំសណ្ដែក)​។

៨.ស្រុកស្រីសន្ធរ ៣ទីតាំង​ -សាលាស្រុកស្រីសន្ធរ -សាលាបឋមសិក្សាអំពិល ព្រែកដំបូក និងសាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)​។

៩.ស្រុកកោះសូទិន ១ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

១០. ស្រុកកងមាស ២ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមណ្ឌលសុខភាពស្ដៅ៕SRP