សម្តេចហ៊ុន សែន នឹងទទួលវ៉ាក់សាំង Oxford AstraZeneca ជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស នៅរសៀលថ្ងៃនេះ

សម្តេចហ៊ុន សែន នឹងទទួលវ៉ាក់សាំង Oxford AstraZeneca ជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគីជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល។

គួរបញ្ជាក់ថាសម្តេចហ៊ុន សែន កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ក្រោមអាយុ ១៨ ឆ្នាំ សម្តេចបានអះអាងថា អ្នកធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង សុីណូហ្វាម និង សុីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សាំងប្រភេទ AstraZeneca សម្រាប់ដូសទី៣ ឬដូសជំរុញ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​​ មាន​ ៧៥,៤២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៩៦៦,៩៣១នាក់៕SRP