គ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ឈូសឆាយលើដីប្រជាពលរដ្ឋ តាមអំពើចិត្ត

គ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ឈូសឆាយលើដីប្រជាពលរដ្ឋ តាមអំពើចិត្ត

ខេត្តកំពត៖អាជ្ញាធរសមត្ថកិច្ចស្រុកទឹកឈូ បានចុះទៅធ្វើការហាមឃាត់ សកម្មភាពគ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ដោយបានឈូសឆាយលើដីប្រជាពលរដ្ឋ។

ការចុះហាមឃាត់នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៩គ្រួសារ ថាក្រុមហ៊ុនកំពតផត បានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីរបស់ពួកគាត់។ ប៉ុន្តែក្រោយផ្អាកគ្រឿងចក្រមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុនក៏បញ្ជាឲ្យឈូសឆាយឡើងវិញ។

លោក អ៉ឹម ចាន់សោធន អភិបាលរងស្រុកទឹកឈូ ដែលបានដឹកនាំកម្លាំងផ្ទាល់បានមានប្រសាសន៍ថា ការចុះមកហាមឃាត់សកម្មភាពឈូសឆាយដីនៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានចោទប្រកាន់ថា ក្រុមហ៊ុនកំពតផត កំពុងធ្វើសកម្មភាពរំលោភលើដីរបស់ខ្លួន។

លោកអភិបាលរងស្រុកបន្តថាការចុះហាមឃាត់នេះ ដោយរងចាំការដោះស្រាយ ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ រួចរាល់ទើបអាចបន្តធ្វើសកម្មភាពបាន។ ចំពោះករណីនេះលោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំ ដើម្បីរិះរកវិធានការដោះស្រាយបន្តទៀត។

លោក អ៉ឹម ចាន់សោធន បានបញ្ជាក់ថា ក្រុមហ៊ុនកំពតផត ហាក់មានចេតនា មិនចង់ចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ ហើយកន្លងមក អាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារ ឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែរ តែត្រូវខាងក្រុមហ៊ុនបដិសេធ ហើយចេះតែបន្តធ្វើសកម្មភាពឈូសឆាយលើដីប្រជាពលរដ្ឋដែលនៅជាប់ និងនៅក្បែរនោះរហូតគ្មានក្រែងរអា ព្រោះអះអាងថាជាដីរបស់ក្រុមហ៊ុន។

តំណាងប្រជាពលរដ្ឋ១៩គ្រួសារ បានប្រាប់ឲ្យដឹងថា ដីរបស់ពួកគេមានប័ណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យផលជាច្រើនឆ្នាំ។ ហើយពីមុនមកមិនដែលមានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែចាប់ពីដីកំពតឡើងថ្លៃនៅឆ្នាំ២០១៩ រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីរបស់ពួកគេទៀត។ ជាមួយនេះ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយជូនពួកគេឱ្យបានឆាប់រហ័សបំផុត ព្រោះបច្ចុប្បន្នក្រុមហ៊ុន មិនត្រឹមតែបំផ្លាញ់ដំណាំ និងវាយកម្ទេចរបងព្រំដីនោះទេថែមទាំង យកគ្រឿចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង។

ជុំវិញករណីដដែល បើតាមការបញ្ជាក់ពី លោកអភិបាលរងស្រុកទឹកឈូថា ដីរបស់ក្រុមហ៊ុនដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ៥៨គ្រួសារ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ អំឡុងឆ្នាំ២០១៥ និងមានគំនូសប្លង់កំណត់ព្រំត្រឹមត្រូវ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរ ដោយចោទប្រកាន់ថាក្រុមហ៊ុនកំពតផត បានប្រើគ្រឿចក្រឈូសឆាយលើដីរបស់ពួកគេ។

តាមប្រភពពីប្រពលរដ្ឋ មានលំនៅឋានក្បែរទីតាំងដីជម្លោះបានប្រាប់ឲ្យដឹងថា ក្រោយការចុះទៅហាមឃាត់មិនបានប៉ុន្មានម៉ោងផង ខាងក្រុមហ៊ុនក៏បានបញ្ជាគ្រឿងចក្រឲ្យមកឈូសឆាយឡើងវិញតែដដែលហ្នឹង មើលទៅខាងក្រុមហ៊ុនហាក់មិនខ្លាចញញើតអ្វីទាំងអស់។ ចំពោះសកម្មភាពបែបនេះ គេសង្ស័យថាក្រុមហ៊ុនកំពតផត ប្រហែលជាមានខ្នងបង្អែកមិនស្តើងនោះទេ៕SRP