ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនមន្រ្តីរាជការ ដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរផែនការ មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម បន្ទាប់ពីពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩។
លោកអ៊ុន ចាន់ដា បានបញ្ជាល់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន៣ នាក់ផងដែរ។
អភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង៣មន្ទីរខាងលើ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង៣កុំ ដើម្បីចៀសផុតពីជំងឺដ៏កំណាចនេះ។
អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្តល់ជូនមន្ត្រីរាជការទាំង៣មន្ទីរខាងលើ សរុប៦៩នាក់ ដោយទទួលបាន អង្ករ មី ទឹកបរិសុទ្ធ ម៉ាស និងជែលលាងដៃផងដែរ៕SRP