លោក ហ៊ុន ម៉ានី៖ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជា ទាំងអស់ ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ពីបណ្តាប្រទេសមិត្ត

0

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានលើកឡើងថា៖ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ទាំងអស់ ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត។

លោកហ៊ុន ម៉ានី បានបន្តថា៖នៅថ្ងៃនេះ វ៉ាក់សាំង ចនសាន់​ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងការដាក់ចេញនូវចំណាត់ការនានា ប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវការគ្រប់គ្រងស្ថានការណ៍ ដោយរក្សាបានទាំងប្រក្រតីភាពនៃជីវភាពសង្គម​ និងការកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបាននូវការចាក់វ៉ាកសាំង ជូនដល់ប្រជាពលរដ្ឋ ស្របតាមផែនការ និងទិសដៅដែលបានកំណត់។ តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់ រាជរដ្ឋាភិបាលនឹងអាចសម្រេចគោលដៅបានកាន់តែឆាប់រហ័សក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

លោកហ៊ុន ម៉ានី បន្តទៀតថា៖ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ​ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា​​​ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល៕SRP