ខេត្តត្បូងឃ្មុំ៖គ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ។
ពិធីនៅថ្ងៃទី២៧ ខែកក្កដា ព្រឹកមិញនេះ ក្រោមវត្តមានលោកមាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
គ្រឿងញៀន ដែលបានដុតចោលទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៨ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សរុបទម្ងន់ ១៣៤,១៣៩.៥៤ គីឡូក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។
សូមជម្រាបថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺពួកឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញ ហើយគ្រឿងញៀននេះបានពង្វក់ស្មារតីអូសទាញ ដល់ជនស្លូត ត្រង់ភាគច្រើនជាយុវវ័យ ឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បណ្តាលឲ្យខូចសុខភាព និង ឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ។
ចំណែកសមត្ថកិច្ចទាំងអស់ ទាំងមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសា្ថប័ន តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ដោយមិនយោគយល់ ឬអត់ឱនដល់ជន ទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាត ហើយបរិមាណគ្រឿងញៀន ដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះ វានឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺន នាក់ជាក់ជាមិនខានឡើយ <<ត្រូវនិយាយថាទេចំពោះគ្រឿងញៀន, គ្រឿងញឿនបំផ្លាញអនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល>>៕SRP