ខេត្តសៀមរាប៖លោក សុខ តុញ តំណាងក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និង វិទ្យាស្ថានអប់រំសាំងហ្គាពួរ (ហៅកាត់ថា SHINE ) ព្រមទាំងសាកលវីទ្យាល័យអង្គរ បាននាំយកទឹកបរិសុទ្ធចំនួន៥០០យួរ និងអាកុលចំនួន២កាន ព្រមទាំង ថវិកាចំនួន(៦០ម៉ឺនរៀល) ប្រគល់ជូនដល់ក្រុមការងាររដ្ឋបាលស្រុកអង្គរធំ ដែលប្រចាំការក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងវិទ្យាល័យ តេជោ ហ៊ុនសែនអង្គរធំ ក្នុងឃុំជប់តាត្រាវ។
ការផ្ដល់អំណោយនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ។
លោកសុខ តុញ បានមានប្រសាសន៍ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា អំណោយដែលបានយកមកផ្តល់ ជូនដល់រដ្ឋបាលស្រុកអង្គរធំ នេះសម្រាប់ប្រើប្រាស់ ក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនលោក រួមជាមួយសប្បុរសជន ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដ្ឋានផងដែរ។
លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។
លោកអភិបាលស្រុក បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលស្រុកកំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋ បានពិសារទឹកនៅពេលដែលកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំង រួចផងដែរ។
ក្នុងឱកាសនោះដែរ លោកឡុង រដ្ឋារក្ស ក៏បានសំណូមពរដល់ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និង សប្បុរសជនទាំងអស់បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុកផ្សេងៗ ទៀតផងដែរ៕SRP

