សម្ដេច ស ខេង ផ្ញើសារអរគុណប្រជាពលរដ្ឋ ដែលមានមតិនិងសំណូមពរ មកកាន់ សម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក

0

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានផ្ញើសារថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ទាំងអស់ដែលមានមតិយោបល់ និងសំណូមពរ មកកាន់ សម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក។

តាមរយ:គណនីហ្វេសប៊ុក សម្ដេច ស ខេង បានសរសេរថា ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។

ការផ្ញើសារថ្លែងអរគុណ នៅថ្ងៃទី១៥ ខែកក្កដានេះ ក្នុងពេលសម្ដេចបានជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។

សម្ដេច ស ខេង បានលើកឡើងថាវឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេច បានបន្តថា ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP  សម្ដេច ស ខេង ចុះសួរសុខទុក្ខពលរដ្ឋ នៅខេត្តបាត់ដំបង