លោក ហ៊ុន ម៉ានី៖ មកទល់ពេលនេះ កម្ពុជាសម្រេចផែនការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋជាង បាន៤០% នៃគោលដៅសរុប

0

ភ្នំពេញ៖លោក ហ៊ុន ម៉ានី បានអះអាងថាវ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ លោកថា មកទល់ពេលនេះ កម្ពុជាសម្រេចផែនបានការចាក់វ៉ាក់សាំងជាង ៤០% នៃគោលដៅសរុប ដែលក្នុងនោះ យើងបានសម្រេចការចាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល និងបន្តចាក់តាមខេត្តជុំវិញជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត «ផ្ការីក»។

នេះបើយោងតាម គណនីហ្វេសប៊ុក របស់លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានបង្ហោះនៅមុននេះបន្តិច។

នៅលើគណនីហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដោយទទួលបានឱកាសក្នុងការរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយរាជរដ្ឋាភិបាល ជាពិសេសដោយបានការចាត់តាំងជាបន្តបន្ទាប់ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីផ្តើមយុទ្ធនាការដំបូង។ ពេលនេះ ក្រុមគ្រូពេទ្យរបស់យើងទាំង២អង្គភាព បាន និងកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅមួយចំនួនថែមទៀតដើម្បីបន្តបេសកកម្មផ្តល់ខែលការពារជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។

លោក ហ៊ុន ម៉ានី បន្ថែមថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមជាកំលាំងកាយ ចិត្ត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ «យើងនឹងឆ្លងផុតគ្តាលំបាលនេះជាមួយគ្នា»៕SRP