សម្ដេចហេង សំរិន ផ្ញើសារដល់រួមជាតិ ឲ្យចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់មនុស្សនឹងសត្វ

0

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា សម្ដេច ហេង សំរិន បានផ្ញើសារដល់រួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់មនុស្សនឹងសត្វ។

ក្នុងសារនៅលើទំព័រ page facebook របស់សម្ដេចហេង សំរិន បានសរសេរថា៖ សូមបងប្អូនជនរួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ តរៀងទៅ។

ការអំពាវនាវ របស់សម្ដេចហេង សំរិន ដល់ជនរួមជាតិ ឱ្យចូលរួមដាំកូនឈើ ស្របពេលក្នុងឱកាសអបអរសាទរពិធីបុណ្យ ”រុក្ខទិវា” ៩ កក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសារដដែល សម្ដេចហេង សំរិន បានបន្ថែមថា ថ្ងៃទី០៩ ខែកក្កដានេះ ជាទិវាដ៏មហានក្ខត្តឬក្សដែលយើង តែងតែប្រារព្ធពិធីបុណ្យនេះឡើងតាំងពីឆ្នាំ១៩៩២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។

សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យដ៍មានសារៈសំខាន់នេះ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩មក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ យើងមិនបានរៀបចំទិវានេះឡើយ។ បុណ្យ “រុក្ខទិវា” បានរៀបចំធ្វើឡើងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ៕SRP