អភិបាលខេត្ត​កំពង់ចាម នាំយកអំណោយ ចែកជូនពលរដ្ឋ ៤០០គ្រួសារ​ នៅស្រុកស្រីសន្ធរ

0

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះបាន​នាំ​យកអំណោយ​ ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៤០០​គ្រួសារ នៅឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ។

លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ជំងឺ​កូ​វីដ​១៩ នេះ មានផលប៉ះពាល់ ច្រើនណាស់ ដល់ប្រជាពលរដ្ឋ​ ដូចជា ប៉ះពាល់​ដល់​សុខភាព​ធ្វើទុក្ខ​ក្នុង​រាងកាយ និង​អាច​ឈានទៅ​បាត់បង់​អាយុជីវិត ដែល​ជាក់ស្ដែង​ខេត្តកំពង់ចាម មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើន​ឡើងជា​បន្តបន្ទាប់។​ ម្យ៉ាងវិញទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ របស់​បងប្អូន ព្រោះ​នៅពេលដែល​ប្រជាពលរដ្ឋ​ យើង​មាន​ឆ្លង​ជំងឺ​នេះ ត្រូវ​សម្រាក​ព្យាបាល រីឯ​អ្នក​ប៉ះពាល់​ផ្សេងទៀត ត្រូវយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក្នុង​រយៈពេល​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ពួកគាត់​មិនអាច ចេញទៅ​ខាងក្រៅ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​បានឡេីយ ដែល​ប្រការ​នោះ​ធ្វើ​ឲ្យ​ជីវភាព​ជួប​នូវ​ការខ្វះខាត។

អភិបាលខេត្ត​ ក៏បានរំលឹកដល់​ពលរដ្ឋ​ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈ​​ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ​ លាង​សម្អាត​ដៃជាមួយសាប៊ូ អាកុល ឬជែល​ និង​រក្សាគម្លាត។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ ទាំង៤០០​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី ១​យួរ​ ទឹកស៊ីអ៉ីវ ១​យួរ និង​មី ១​កេស៕SRP