ខេត្តកំពង់ចាម៖កូនស្រីថៅកែលក់សាំងតេលាបានស្លាប់ខណៈចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ករណីអគ្គិភ័យ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចការ៉ាស់លក់សាំងតេលា ១កន្លែង និងផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះនិងស្ថានីយលក់សាំងតេលា មានឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។ ករណីនេះ បណ្តាលឲ្យស្លាប់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូន) ខណៈដែល ជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី ពេលបាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះ ដែលធ្វើឲ្យខូចខាត ផ្ទះសង់អំពីឈើ ប្រក់ក្បឿងអស់ ១ខ្នងទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ និងការ៉ាស់សាំង ១កន្លែង អស់ទាំងស្រុង ព្រមទាំងរថយន្តម៉ាកលុចស៊ីស ៣៣០ ១គ្រឿង ម៉ូតូ ១គ្រឿង និងប្រាក់ចំនួនទៀត។
គូសបញ្ជាក់ដែរថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ ចំនួន ២គ្រឿង រថយន្តខេត្ត ៣គ្រឿង រថយន្តស្រុកព្រៃឈរ ១គ្រឿង រថយន្តស្រុកកំពង់សៀម ១គ្រឿង រថយន្តស្រុកចំការលើ ១គ្រឿង ប្រើប្រាស់អស់ទឹក៩ឡាន ទើបធ្វើការគ្រប់គ្រងស្ថានការណ៍នោះ ឲ្យរលត់ទាំងស្រុង ១០០% នៅវេលាមោង ៨និង៤០នាទី យប់៕SRP

