មន្ត្រីបរិស្ថានខេត្តកំពង់ធំ បាញ់ប្រហារលើពលរដ្ឋ លួចអារឈើក្នុងអភិរក្សអង់តែន

0

ខេត្តកំពង់ធំ៖មន្ត្រីបរិស្ថានខេត្តកំពង់ធំ បានបាញ់ ចំពលរដ្ឋម្នាក់ឲ្យរងរបួស ខណៈជនរងគ្រោះ លួចចូលទៅកាប់អាឈើក្នុងដែនអភិរក្សព្រៃអង់តែន។

ហេតុការណ៍បាញ់ប្រហារទៅលើពលរដ្ឋនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងដែនអភិរក្សព្រៃអង់តែន ស្ថិតនៅត្រពាំងឪឡឹក ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះ បានរបួសចំត្រង់ភ្លៅខាងឆ្វេង ខណៈនេះកំពុងតែសម្រាកព្យាបាលរបួសនៅ គ្លីនិកឯកជនមួយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្តដា បានប្រាប់អ្នកសារព័ត៌មានថា ករណីមានការបាញ់ទៅលើពលរដ្ឋ គឺជាសិទ្ធិការពារខ្លួន ខណៈជនរងគ្រោះជាជនសង្ស័យ មុខសញ្ញាចាស់ ធ្លាប់បង្កហេតុ កាប់មន្រ្តីបរិស្ថានបណ្តាលឲ្យបែកក្បាល របួសធ្ងន់កន្លងមក តែត្រូវបានជនសង្ស័យម្នាក់នេះ រត់គេចខ្លួនបាត់តែម្តង និងទើបតែប្រទះឃើញខណៈកំពុងតែអាតឈើតំបន់ហាមឃាត់នេះ។

លោកតុប កក្តដា បានបន្តថា នៅថ្ងៃកើតហេតុ មន្រ្តីបរិស្ថានប្រចាំការនៅស្នាក់ការចំនួន២នាក់ បន្ទាប់ពីឮសូរ សំឡេងអារឈើ មន្រ្តីបរិស្ថានម្នាក់បានចូលក្នុងព្រៃទៅមើល ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាព អារឈើ ខណៈនោះមន្រ្តីបរិស្ថានបាន ប្រាប់ឲ្យជនសង្ស័យទាំង២នាក់ ទម្លាក់ម៉ាស៊ីនអារឈើចុះ តែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយ បែរជាគ្រវីម៉ាស៊ីនតម្រង់មកមន្រ្តីបរិស្ថាន ខណៈនោះមន្រ្តីអភិរក្សក៏បាន បាញ់កំភ្លើងបង្អើលតែ គ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឲ្យរបួសតែម្តង។
លោកតុប កក្តដា បញ្ជាក់ថាបើមានចេតនាបាញ់សម្លាប់គឺស្លាប់បាត់ហើយ តែនេះគឺជាការពារខ្លួន ប្រសើរជាងត្រូវគេកាត់និងម៉ាស៊ីអារឈើ ព្រោះជាមុខសញ្ញាចាស់ធ្លាប់បង្កហេតុម្តងមកហើយ គឺត្រូវការពារខ្លួនរួចចាំដោះស្រាយគ្នា តាមនិតិវិធីច្បាប់។

លោក ម៉ែន លី ស្នងការប៉ូលិសខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសដោយសារគ្រាប់កំាភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកមន្រ្តីបរិស្ថាន ដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថា ការពារខ្លួននោះ មានឈ្មោះចក់ សុជាតិ រស់ភូមិសរជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់ពីមានការហេតុការណ៍ បាញ់ពលរដ្ឋលោក ចក់ សុជាតិ បានមកផ្ទះ ទើបមន្រ្តីនៃស្នងការនគរបាលខេត្តកំពង់ធំ បាននាំខ្លួនមកស្នងការដើម្បីសាកសួរ៕SRP