ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការប៉ូលិសខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស។
ជនសង្ស័យ មានឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។
ហេតុការណ៍លួចវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះបានបង្ហាញថា
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន(១២៤០០)ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ 0១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរងគ្រោះ ទុកក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក )។
របាយការណ៍បន្តថាក្រោយពីទទួលពាក្យបណ្ដឹង
កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយសង្ស័យទៅលើ ឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុង របស់ជនរងគ្រោះ នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំខ្លួន ឈ្មោះ យ៉ែម សំណាង មកធ្វើការសាកសួរ។
តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា៖ គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ដោយដោយឃើញជនរងគ្រោះមិននៅផ្ទះ ( ប្រពន្ធចុងរបស់គាត់ ) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូក ដៃបើកគន្លឹះទ្វារចូបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លាចំនួន ១១២០០ដុល្លារនិង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ។
សូមជម្រាបថាប្រតិបត្តិការស្រាវជ្រាវចាប់ជនសង្ស័យនេះ ធ្វើឡើងតាមការណែនាំរបស់លោកទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប និងបញ្ជាផ្ទាល់ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពីលោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយដឹកនាំកម្លាំងបង្រ្កាបដោយ លោក សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលក្រុងនិងប៉ុស្ដិ៍ជ្រាវផងដែរ៕SRP

