ខេត្តកំពង់ចាម៖លោក ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យេីងពិតជាមានមោទនភាព ចំពោះការរីកចម្រើនរបស់ខេត្តកំពង់ចាម យេីងបានដឹងអំពីប្រវត្តិសាស្ត្រ ប្រពៃណី និងការប្រឈមនានាក្នុងខេត្ត ហេីយយើងក៏មានដៃគូសហការជាច្រើន ដែលផ្តោតទៅលេីការធ្វើមុខជំនួញការជួបប្រាស្រ័យទាក់ទងជាមួយនឹងយុវជននិងកម្មវិធីផ្សេងៗជាច្រើនទៀត។
លោកថ្លែងយ៉ាងដូច្នេះឱកាសចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសន្ទនាមតិលើប្រធានបទ«ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក ជាមួយខេត្តកំពង់ចាម » នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ព្រឹកមិញនេះ។
លោក ម័រហ្វី បានថ្លែងថា ក្នុងបរិបទកូវីដ-១៩នេះ សហរដ្ឋអាមេរិក ជាប្រទេសជំនួយដ៏ធំបំផុត ដែលបានផ្តល់វ៉ាក់សាំង តាមយន្តការកូវ៉ាក់ ដោយប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង ទៅកាន់ពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាគោលដៅមួយដែរ ក្នុងដំណើរការនេះ។
លោកបានថ្លែងបន្តថា យេីងមានយន្តការជជំនួយសុខាភិបាល ទាក់ទងនឹងសុខភាពសាធារណៈ ជាច្រើនទៀតក្រោមឆត្ររបស់រដ្ឋាភិបាលអាមេរិក យេីងមានមជ្ឈមណ្ឌលគ្រប់គ្រងអ្នកជំងឺ មជ្ឈមណ្ឌលសេវាសុខភាពសាធារណៈ ដែលកាលពីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងទឹកប្រាក់ចំនួន១១លានដុល្លារអាមេរិក ហើយយើងសង្ឃឹមថាឆ្នាំនេះយើងនឹងបន្តទៀតដែលអាចមានចំនួនច្រើនជាងមុន ដោយយន្តការសេវាសុខភាពសាធារណៈ គឺមានវត្តមានស្រាប់ក្នុងប្រទេសកម្ពុជារួចហើយ។
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សម ផល្លា បានថ្លែងអរគុណដល់ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសន្ទនាមតិ លើប្រធានបទ«ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក ជាមួយខេត្តកំពង់ចាម » នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម ដេីម្បីឆ្លេីយតបសំណួរទាក់ទង នឹងសេវាសុខភាពសាធារណៈ និងការផ្ដល់ជំនួយ៕SRP

