ខេត្តបាត់ដំបង៖ទីតាំងរោងម៉ាស៉ីនអារឈើមួយកន្លែង នៅត្រង់ចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើអះអាងថានឹងចុះបង្ក្រាប។
សេចក្ដីរាយការណ៍បានឲ្យដឹងថារោងម៉ាស៉ីនអារឈើខាងលើនេះ មានស្តុបឈើយ៉ាងច្រើនមិនដឹងថាមានច្បាប់ឬយ៉ាងណានោះទេ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះគេដឹកយកមកស្តុបរាប់ឆ្នាំ មកហើយ ដឹកចេញចូល ទាំងយប់ទាំងថ្ងៃ ដើម្បីចែកចាយបន្តទៅកន្លែងផ្សេងទៀត។ ដោយរយៈពេលជាង២ខែមកនេះ គេទើបតែយកម៉ាស៉ីនរ៉ៃមកដាក់អារជ្រៀកយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់ឃើញសមត្ថកិច្ចឬមន្ត្រីជំនាញណាមកបង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថានៅទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ មានរ៉ឺម៉កម៉ូតូមួយគ្រឿងបានដឹកឈើប្រភេទឈើដុំប្រហែលជិត២០ដុំដឹកចេញពីផ្លូវបាណន់ ចូលមកទុកនៅចំណុចក្បែរផ្សារលើ ដែលគេស្គាល់ថាជាផ្ទះអ្នកមានឥទ្ធពលនៅក្រុងបាត់ដំបង។
ពាក់ព័ន្ធទៅករណីនេះ លោកពិត ភារ: នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានឲ្យភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ ដឹងតាមប្រព័ន្ធតេលេក្រាមថា៖ ចំពោះម៉ាស៉ីនរ៉ៃនៅស្រុកបាណន់មិនមានច្បាប់ទេ។ លោកថានឹងនាំក្រុមការងារចុះទៅពិនិត្យទីតាំងខាងលើដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕SRP

