ខេត្តតាកែវ៖សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ចំនួន៣នាក់ ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាស់ពាក្យសម្ដី។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តតាកែវ តាមបទបញ្ជាពីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ប្រភពបានដឹងថាករណីឃាតកម្មនេះ កើតឡើងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចក្នុងហេតុការណ៍បង្រ្កាបបានឲ្យដឹងថាក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននេះ ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។
ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារទំនាស់ពាក្យសម្ដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕SRP

