អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

0

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ តាម​រយៈគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​។ ជាក់ស្ដែង​ថ្ងៃ​នេះ​យើង​បាន​ទទួល​​ផ្លូវ​បេតុង​អាមេ​​មួយ​ខ្សែ​ ប្រវែង​ជាង​៤ពាន់​ម៉ែត្រ​ ដេីម្បីសម្រួល​ដល់​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ​ផងដែរ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែប្រវែង៤,៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី​២២​ ខែមិថុនា​ ព្រឹកមិញនេះ។

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ ពលរដ្ឋទទួល​បាន​សមិទ្ធផល​ថ្មី​ ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ ហើយ​សម្រាប់​​សប្តាហ៍​ក្រោយ​នេះ​ ស្រុកកងមាស​នឹង​ទទួល​បាន​ផ្លូវ​កៅស៊ូ​ ប្រភេទ​DBST​ ១ខ្សែ​​ ប្រវែង​​២៧ គីឡូម៉ែត្រ​ បន្ថែមទៀត​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​ហ៊ុន​ សែន​។

លោកក៏បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ ឲ្យ​មានការ​អត់ធ្មត់​ ក្នុង​អំឡុង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ ទាំង​អ្នក​ធ្វើដំណើរ​ និងប្រជាពលរដ្ឋ​ ដែល​មាន​លំនៅឋាន​អមសងខាង​ផ្លូវ​ បើ​មាន​ការ​ប៉ះពាល់​អ្វី​មួយ​ សូម​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​រក​ដំណោះស្រាយ​ ឬ​សំណង​តាម​សន្តិវិធី​។

អភិបាលខេត្ត​ ក៏ណែនាំដល់​ពលរដ្ឋ​ ឲ្យ​អនុវត្ត​វិធានការ​​ ៣ការពារ​ ៣កុំ​ ដែល​ជា​អាវ​ក្រោះសម្រាប់​ការពារ​កុំឲ្យ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​៕​​SRP