ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដោយសារពាក់ព័ន្ធប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ នេះបើតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ page ហ្វេសប៊ុកនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ។
នៅក្នុងសាររបស់សម្ដេចតេជោបានបង្ហាញថា៖ បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។
សំណេររបស់សម្ដេចតេជោបានបន្តថា៖ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។
បើតាមសម្តេចតេជោបានបញ្ជាក់ផងដែរថា៖ ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការ ដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕SRP

