អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​​ អភិបាលខេត្ត​កំពង់ចាម​ បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកចំការលេីទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីប្រកាសតែងតាំងលោក​ សំ​ ពិសិដ្ឋ​ ជាអភិបាល​ស្រុកចំការលេី​ ជំនួសលោក​ខ្លូត​ ចន្តា​ ដែលត្រូវទទួលភារកិច្ចថ្មី​ នៅថ្ងៃទី១៦​ ខែមិថុនានេះ។

លោកក៏បាន​ផ្តាំផ្ញេីដល់​លោកអភិបាលស្រុកថ្មី ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ចំពោះ​សិល្បៈ​នៃ​ការ​ដឹកនាំ​ ត្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចេះ​ធ្វើ​ការ​ ទាំង​មាន​ធនធាន​សម្រាប់​ការងារ​​ និង​ឲ្យ​មន្ត្រី​ចេះ​សម្រេច​ចិត្ត​​អារកាត់ផងដែរ​។

អភិបាលខេត្តក៏បានណែនាំលោកអភិបាលស្រុកចំការលេី ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវ​ប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគតផងដែរ​៕SRP