ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា បុរសជាសន្តិសុខ យាមឲ្យ ធនាគារហត្ថា មួយកន្លែង បានដេកស្លាប់នៅក្នុងអង្រឹងបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រង់ចំណុចប៉ុស្តិ៍យាមមុខធនាគារហត្ថា ស្រុកពួក។
សមត្ថកិច្ចដែលបានចុះត្រួតពិនិត្យបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា ជនរងគ្រោះមានឈ្មោះសេង ខុន ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានដកស្រង់សម្ដី សន្តិសុខដែលត្រូវដូរវេនយាម មានឈ្មោះ ខន យុង ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រាប់ថា ពួកគាត់យាមនៅធនាគារតែពីរនាក់២៤ម៉ោង ដូរគ្នាម្តង។ នៅថ្ងៃទី១៣ វេលាម៉ោង០៦ព្រឹក (ជនរងគ្រោះ) មកដូរខ្លួនយាម រហូតដល់ម៉ោង ០៦ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខ្លួនមកដូរ ហើយដាស់មិនភ្ញាក់ទើបដឹងថាគាត់បានស្លាប់ទៅហើយ។
ករណីនេះក្រុមមន្ត្រីបច្ចេកទេសបានពិនិត្យសាកសព ឃើញថា មិនមានស្លាកស្នាមពាក់ព័ន្ធបទល្មើសនោះទេ។ ជាមួយគ្នានេះដែរគ្រូពេទ្យ បានយកសំណាក ពិនិត្យ ពុំមានជំងឺកូវីដ-១៩នោះឡើយ។
តាមការសន្និដ្ឋាន របស់លោកម៉ង់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកពួក បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារខ្យល់គរ៕SRP

