ខេត្តសៀមរាប៖លោក សឹង្ហ សំរិទ្ធិ អនុប្រធានតំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយរបស់លោក អ៊ុំ ភឿង និង អ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ ជូនដល់ពលរដ្ឋ២គ្រួសារ និង ប្រជាការពារ ២០នាក់។
ពិធីនេះធ្វើឡើងនៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក ស្រេន សុព្រី តំណាងលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប អាជ្ញាធរសង្កាត់ផងដែរ។
លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បានថ្លែងថា ថ្ងៃនេះលោកបាននាំយកអំណោយ របស់លោក អ៊ុំ ភឿង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងអ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិពន្លឺជ័យ ជូនដល់ពលរដ្ឋក្រីក្រចំនួន២០គ្រួសារ និងប្រជាការពារ២០នាក់ នៅភូមិស្ទឹងថ្មី ដែលកំពុងជួបនូវការលំបាកក្នុងជីវភាព។
លោក សឹង្ហ សំរិទ្ធិ ក៏បានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ថ្នាក់កណ្តាល និងសាខាខេត្តសៀមរាប ជូនពលរដ្ឋផងដែរ។
ក្នុងនាមអាជ្ញាធរក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានមានប្រសាសន៍ថា នៅក្នុងទូទាំងប្រទេស ក្រុងសៀមរាប មានសំណាងជាងគេ ដោយយើងទទួលបានកាដូដ៏ធំពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ហើយនៅដើមឆ្នាំ២០២២ ខាងមុខនេះក្រុងសៀមរាប និងប្រែមុខមាត់ថ្មី។
លោកថ្លែងបន្តថា ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំងពលរដ្ឋ សូមថ្លែងអំណរគុណ ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដែលបាននាំយកអំណោយ ចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាកនេះ។
លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងត្រូវចូលរួមអនុវត្តន៍៣កុំ និង៣ការពារ ទាំងអស់គ្នា។
សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនពលរដ្ឋទាំង២០ គ្រួសារ កក្នុង១គ្រួសារទទួលបាន -អង្ករ២០គីឡូ -ទឹកសុទ្ធ ១កេស -មីម៉ាម៉ា ១កេស -ត្រីខ ១យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១ដប -ស្ករស ១គីឡូ -ប៊ីចេង កញ្ចប់ -អំបិល ១គីឡូ ថវិកា២ម៉ឺនរៀល។
ចំណែកប្រជាការពារ ២០នាក់ ដោយក្នុង ១នាក់ទទួលបាន៖ ទឹកសុទ្ធ ១កេស ម៉ាស ១ប្រអប់អាកុល១ដប ថវិកា ២ម៉ឺនរៀល។ ក្នុងនោះសាលាបឋមសិក្សាស្ទឹងថ្មី ទទួលបានម៉ាស ២០ប្រអប់ អាកុល ២០ដប ទឹកសុទ្ធ ៥កេស ផងដែរ៕SRP

