ភ្នំពេញ៖មន្ត្រីនគរបសលព្រហ្មទណ្ឌបានថ្លែងថាកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន បុរសជាប្ដី បានហើយ ដែលបានសម្លាប់ប្រពន្ធ របស់ខ្លួន រាជធានីភ្នំពេញរួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅត្រង់ចំណុចផ្ទះសំណាក់នីឡា
បន្ទាប់ពីរត់គេចខ្លួន។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកខេង ម៉េងឈាង បានឲ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះគឺធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តបាត់ដំបង។
លោក ខេង ម៉េងឈាង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តី ខាងលើត្រូវបានកម្លាំងនាំទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។
សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសរូបនេះបានយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោលនៅខេត្តត្បូងឃ្មុំ។ ទើបនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

