ខេត្តត្បូងឃ្មុំ៖លោកវេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងប្រាប់សមាជិកក្រុមការងារត្រូវតែចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយមានកូនក្នុងបន្ទុកច្រើន និងគ្រួសារដែលមានសមាជិក ឆ្លងជំងឺកូវីដ-១៩ យកមកគិតគូដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
លោកថ្លែងយ៉ាងដូច្នោះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ច ប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
មានមតិសំណេះសំណាល នាឱកាសនេះ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។
លោកក៏បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យ នាឆ្នាំ២០២២ លោកបានដកស្រង់ ពន្យល់ និងណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាប ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។
លោកក៏រំលឹកជូនសមាជិក សមាជិកា និងជាពិសេស ពលរដ្ឋទូទាំងស្រុក ត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ។ ក្នុងឱកាសនេះលោកក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដែលបានមកពីសមាជិកក្រុមការងារ និងថវិការបស់លោកផ្ទាល់ជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័កផងដែរ៕SRP

