ខេត្តសៀមរាប៖ក្រុមកម្មករធ្វើផ្លូវប្រុសស្រីប្រមាណជាង៧០នាក់ នៅរសៀលថ្ងៃទី ១១ ខែមិថុនានេះ បាននាំគ្នាតវ៉ារឿងអ្នកម៉ៅការពន្យាពេលការបើកប្រាក់ខែ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមកម្មករបានទៅប្រមូលផ្តុំគ្នានៅទីតាំងស្នាក់ នៅរបស់អ្នកម៉ៅការ ក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្តែក្នុងពេលផ្ទុះការតវ៉ាខ្លាំង សមត្ថកិច្ចនគរបាល ក៏បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ បញ្ជៀសការផ្ទុះហិង្សាកុំឲ្យកើតមាន។
ក្រុមកម្មករបាននិយាយថា ពួកគាត់ទាំងជាង៧០ នាក់ជាកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)។ ពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែ៣មក ឯខ្លះទៀតតាំងខែ៤មក។ នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ អ្នកម៉ៅការសន្យាលើកចុងក្រោយថា បើកប្រាក់ខែអោយ ព្រោះធ្លាប់សន្យាច្រើនដងហើយ។ លុះពេលមកបើក បែជាឆ្លើយថាអត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។
សេចក្ដីរាយការណ៍បានបន្ថែមថា នៅអំឡុងពេល២ម៉ោងក្រោយ ក្រុមកម្មករក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ច ប្រាប់ថា ថ្ងៃទី១២ ខែមិថុនា ស្អែកនេះ ម៉ោង៣រសៀលនឹងបើកប្រាក់ខែឲ្យ។ តែក្រុមកម្មករបញ្ជាក់ថា បើថ្ងៃស្អែកទី១២ ខែមិថុនា មិនបើកឲ្យពួកគេទេ ពួកគេនឹងតវ៉ាហើយបិទផ្លូវ។
ទោះជាយ៉ាងណា ឆ្លងកាត់ការសម្របសម្រួល លោកទិត ឌីរ៉ា ចៅ សង្កាត់គោកចក បានឲ្យដឹងថា អ្នកម៉ៅការនេះដាក់កិច្ចសន្យាថា រសៀលថ្ងៃទី១២ ខែមិថុនា ស្អែកនឹងបើកប្រាក់ខែអោយកម្មករ។ តែបើអ្នកម៉ៅការរូបនេះមិនគោរពកិច្ចសន្យា លោកនិងរាយការទៅក្រុង ហើយបន្តនិតិវិធីទៅតាមជាក់ស្តែង។
លោកចៅសង្កាត់បញ្ជាក់ថា តាមការអះអាង អ្នកមៅការនេះ មិនមានប្រាក់បើកឲ្យនោះទេ ព្រោះម៉ៅការខាត តែយ៉ាងណានោះ រងចាំថ្ងៃទី១២ទើបដឹងពីលទ្ធផល៕SRP

