ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថា ដោយមានការគិតគូរចំពោះសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម ព្រៃឈរ ជេីងព្រៃ និងស្រុកបាធាយ ប្រមាណជាង៣២ម៉ឺននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ ដោយពលរដ្ឋក្នុងស្រុកចំនួន៤នេះប្រឈមខ្ពស់ និងមានរោងចក្រកាត់ដេរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងការរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ក្រុមគ្រូពេទ្យរដ្ឋបាលខេត្ត ត្រូវចាក់ជូនប្រជាពលរដ្ឋ ប្រមាណជាង១៧ម៉ឺននាក់ លេី២៣ទីតាំង ក្នុងស្រុកកំពង់សៀម និងស្រុកព្រៃឈរ ដែលត្រូវប្រេីប្រាស់រយៈពេល១៤ថ្ងៃ សម្រាប់ចាក់លេីកទី១ និងលេីកទី២រយៈពេល១៤ថ្ងៃដូចគ្នា។ ដោយឡែកក្រុមការងារពេទ្យយោធា ត្រូវចាក់ជូនប្រជាពលរដ្ឋប្រមាណជា១៥ម៉ឺននាក់ ក្នុងស្រុកចំនួន២ គឺស្រុកជេីងព្រៃ និងស្រុកបាធាយ ដែលត្រូវប្រេីប្រាស់ ពេលវេលាដូចគ្នាផងដែរ។
អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងនីមួយៗ ឲ្យមានកន្លែងផ្ញើទុកដាក់យានជំនិះ និងមានបន្ទប់អនាម័យ ព្រមទាំងត្រៀមរថយន្តសង្គ្រោះបន្ទាន់សម្រាប់អន្តរាគមន៍ផងដែរ។
លោកថារដ្ឋបាលស្រុកនីមួយៗ ត្រូវជំរុញដល់អាជ្ញាធរឃុំ ឲ្យចងក្រងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំង យ៉ាងយូរមួយសប្តាហ៍ ហើយត្រូវបញ្ជូនមកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្ត។
ពាក់ព័ន្ធនឹងវិធានសុខាភិបាលជុំវិញបញ្ហាចាក់វ៉ាក់សាំង ត្រូវរៀបចំដាក់ បដា មានអក្សរសរសេរពន្យល់ឲ្យបានច្បាស់លាស់ ចំពោះពេលវេលា និងទីតាំងដែលត្រូវចាក់វ៉ាក់សាំងដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ៕SRP

