ខេត្តកំពង់ចាម៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកមិញនេះ
បានអញ្ជើញចុះពិនិត្យផ្លូវបេតុង ទំនប់បង្ហៀរ និងលូប្រអប់ ដែលជាសមិទ្ធផលថ្មីៗ សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកកំពង់សៀម និងស្រុកកោះសូទិន។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា សមិទ្ធផលថ្មីៗ ដែល សម្តេច សាយ ឈុំ និងលោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យនេះ រួមមានផ្លូវបេតុងប្រវែង ៥៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ ទំនប់បង្ហៀរប្រវែង៨០ម៉ែត្រ និងលូប្រអប់មុខ៣ ប្រវែង ១១ម៉ែត្រ ទទឹង៨ម៉ែត្រ ពីឃុំកោះមិត្តទៅកោះព្រលូង ក្នុងស្រុកកំពង់សៀម និងពីភូមិទី១០ ទៅឃុំកោះសូទិន ក្នុងស្រុកកោះសូទិន ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។
គួរកត់សម្គាល់ថា នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើង មានដូចជា ស្ពាន ផ្លូវបេតុង សាលារៀន កុដិលោក ។ល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកកំពង់សៀម និងស្រុកកោះសូទិន។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចវិបុលសេនាភក្តី អមដំណើរដោយអាជ្ញាធរខេត្តកំពង់ចាម ក៏បានអញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច ស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ផងដែរ៕SRP

