ប្រតិបត្តិការរកគ្រាប់មិនទាន់ផ្ទុះនៅនាវាលិចក្នុងទន្លេសម្រេចបាន៩៥ភាគរយ

ភ្នំពេញ៖ប្រតិបត្តិការ រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរហូតមកដល់ពេលនេះសម្រេច បាន៩៥ភាគរយ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅសប្ដាហ៍ទី៣ ខែមីនានេះ។

យោងតាមរបាយការណ៍ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ជូនសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថា រយៈពេល៥ខែកន្លងមក ក្រុមការងារស្រង់បានគ្រាប់កាំភ្លើងយន្ត១២,៧មម ជិត២ម៉ឺនគ្រាប់, គ្រាប់ត្បាល់៦០មមចំនួន៦៥១គ្រាប់, គ្រាប់ត្បាល់៨០មមចំនួន១០៥គ្រាប់, គ្រាប់ផ្លោង១០៥មមចំនួន១០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌទទួលបានពីអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចំនួន១៥៣គ្រាប់ សរុបមានទំងន់ជាង១០តោន រួមទាំងបំណែកឆ្អឹងសពមនុស្ស ព្រមទាំងសម្ភារសឹកមួយចំនួនទៀត ។

របាយការណ៍បានឱ្យដឹងថា ក្រុមការងារបានបន្តស្រង់គ្រាប់យុទ្ធភណ្ឌទាន់ផ្ទុះ បានចំនួន៧៥៧គីឡូក្រាមបន្ថែមទៀត ធ្វើឱ្យបេសកម្ម សម្រេចបានលទ្ធផល ៩៥ភាគរយហើយ។ ដោយឡែកនៅមាន វត្តមានគ្រាប់មួយចំនួនទៀត នៅតំបន់ជុំវិញ នាវានឹងត្រូវបន្តស្រង់ជាបន្តបន្ទាប់ទៀត ដែលតាមគម្រោង នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងសប្ដាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១នេះហើយ ។

លោកនាង ផាត ក៏បានរាយការណ៍ថា កិច្ចប្រតិបត្តិការ បោស សំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លិចក្នុងទន្លេ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលជាការដ្ឋានទី ២ បានប្រើប្រាស់កម្លាំងសរុប៣៣នាក់ និងមធ្យោបាយ ព្រមទាំងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ការដ្ឋានទី២នេះបានបើកដំណើរការ ជាផ្លូវការកាលពីថ្ងៃទី១៥ ខែមីនា និងមានវិសាលភាព៦ហិកតា៕SRP