ខេត្តសៀមរាប៖នគរបាលចរាចណ៍បានឲ្យដឹងថាបុរសម្នាក់ស្លាប់ភ្លាមៗខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពីក្រោយពេញទំហឹង។
ហេតុការណ៍បានកើតឡើងនាម៉ោងជិត១២ ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក ផាំង ហួរ នាយផ្នែកនគរ បាលចរាចរណ៍ខេត្តសៀមរាប អោយដឹងថា ជនរង
គ្រោះ មានឈ្មោះផាត សេងខៃ អាយុ ២៤ឆ្នាំ រស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរម៉ូតូសេ១២៥សេរីឆ្នាំ២០១១ ពាក់ស្លាកលេខសៀមរាប 1L 5811 ក្នុងទិសដៅពីកើតទៅលិច។ ចំណែករថយន្តបង្កម៉ាក អាលហ្វា ពណ៍៊៌ស មិនស្គាល់ស្លាកលេខ ក្នុងដំណើរស្របទិស។
លោកបន្តថា តាមការសាកសួរ សាក្សីគេឃើញជនរងគ្រោះជិះម៉ូតូ លើដងផ្លូវពីកើតទៅលិច លុះមក ដល់ចំណុចខាងលើ ត្រង់មុខមន្ទីរសម្រាកព្យាបាល ឯក ជនឈ្មោះ រួមពេទ្យយ:សូថន(ពេទ្យថៃ) រថយន្តបង្កបើកយ៉ាងលឿន ហើយក៏បុកពីក្រោយបណ្តាលអោយភាគីម៉ូតូស្លាប់តែម្តង។ ជាមួយគ្នានោះ រថយន្តបានបើករត់គេច តាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅទិសខាងលិច បាត់ស្រមោល។
លោកនាយផ្នែកបញ្ជាក់ថា ក្រោយវាស់វែង និងប្រគល់សពអោយក្រុមគ្រួសារ។ ករណីនេះសមត្ថកិច្ចបន្តសហការតាមគោលដៅ ក៏ដូចជាតាមបណ្តាស្រុកផងដែរ ដើម្បីឃាត់រថយន្តបង្ក តែមិនមានការជួបប្រទះឡើយ៕SRP

