លោកជាម​ ច័ន្ទ​សោភ័ណ​ នាំយកអំណោយកាកបាទក្រហមខេត្ត​ត្បូងឃ្មុំ​ ចែកជូនពលរដ្ឋ២១០គ្រួសារ

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមីនា ព្រឹកមិញនេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ​ ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ នៅចំនួន៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះដែរ អភិបាលខេត្ត បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យ​ឲ្យ​បានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬជែល ពិសេសអនុវត្តន៍តាមវិធានការ <<៣ការពារ​ ៣ក>> ឲ្យបានជាប់ជាប្រចាំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេស នៃការធ្វើចត្តាឡីស័ក ឲ្យ​បងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid 19។

គួរ​បញ្ជាក់​ថា​ អំណោយដែលផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង២១០គ្រួសារ ដោយក្នុង១គ្រួសារៗ​ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួនផងដែរ​៕SRP