ប្រមុខរដ្ឋស្តីទី បញ្ចប់គោរមងារ”ឧកញ៉ា”របស់លោក ឌួង ឆាយ

ប្រមុខរដ្ឋស្តីទី បញ្ចប់គោរមងារ”ឧកញ៉ា”របស់លោក ឌួង ឆាយ

ភ្នំពេញ៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ នេះ បានបញ្ចប់គោរមងារ”ឧកញ៉ា”របស់លោក ឌួង ឆាយ។

សូមជម្រាបថានៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានធ្វើលិខិតជម្រាបជូនទៅសម្ដេចវិបុលសេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ ដោយស្នើសុំបញ្ចប់គោរមងារ”ឧកញ៉ា”ពីឧកញ៉ា ឌួង ឆាយ។​ជាមួយគ្នានេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែមីនា​ ម្សិលមិញ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ”។

​សូមរំលឹកថា រឿងរ៉ាវ​ឈានទៅដល់​ការដក​ងារ​ជា​ឧកញ៉ា​ ពីលោក ដួង ឆាយ គឺ​បន្ទាប់ពី​ការ​លេច​ធ្លាយ​ឃ្លី​ប​វីដេអូ​ ពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញថា លោក​ដួង​ឆាយ បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​ភរិយា​របស់លោក​។​
ពាក់ព័ន្ធទៅនឹងអំពើហិង្សានេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ​សកម្មភាព​ របស់ឧកញ៉ាឌួង ឆាយ ផងដែរ៕SRP