
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគង ដែលបង្ក្រាបបានចោរលួចខ្សែភ្លើង ជាញឹកញាប់ ត្រូវបានលើកទឹកចិត្តនឹងទទួលបានថវិកា ពីមន្ត្រីអគ្គិសនីនិងស្នងការខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ព្រឹកមិញនេះ។
អធិការនគរបាលស្រុកប្រាសាទបាគង លោកលឹម សម្បត្តិ បានថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនី និងថ្នាក់ដឹកនាំស្នងការដ្ឋានខេត្តសៀមរាប បានផ្ដល់ថវិកា ដល់សមត្ថកិច្ចស្រុកប្រាសាទបាគង ក្នុងការខិតខំប្រឹងប្រែងបង្ក្រាប ចោរលួចខ្សែភ្លើង។ ថវិកាទាំងនេះ នឹងប្រគល់ជូន អង្គភាពនីមួយៗរួចរាល់ហើយ។
លោកភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនាមតំណាងលោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានណែនាំពង្រឹង និងលើកទឹកចិត្ត ជាពិសេសសូមកោតសសើរដល់កម្លាំងសមត្ថកិច្ច ស្រុកប្រាសាទបាគង ដែលបានសហការគ្នា បង្ក្រាបករណីចោរលួចខ្សែភ្លើង បានដោយជោគជ័យ។
សូមជម្រាបថា បុរសម្នាក់ឈ្មោះកែក កាយ អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកប្រាសាទបាគងចាប់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើង។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះដកហូត សម្ភារដូចជា៖ កង់១គ្រឿង , ខោចំនួន១ , ពិល១គ្រឿង , ទូរស័ព្ទអិនចុចពិល១គ្រឿង , ស្បែកជើង១គូ , ការ៉ុង១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំ កំបិតតូច១និងទុលឡាវីសកែច្នៃ១។
ជនសង្ស័យឆ្លើយសារភាពថា បានលួចខ្សែភ្លើង ពិតមែននិងកន្លងមកធ្លាប់លួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី៕SRP