សម្ដេចហេង សំរិន «អំពាវនាវដល់ជនរួមជាតិចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាល»

សម្ដេចហេង សំរិន «អំពាវនាវដល់ជនរួមជាតិចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាល»

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិនៃកម្ពុជា សម្ដេចហេង សំរិន បានអំពាវនាវ សូមបងប្អូនជនរួមជាតិចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចហេង សំរិន បានលើកឡើងថា៖ ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលនេះ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកម្ពុជាយើងក៏ដូចជាសកលលោក កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

សម្តេចហេង សំរិន បានបន្តថា៖ការចូលរួមគោរពច្បាប់ អនុវត្តនូវរាល់វិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាល ដាក់ចេញ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឱ្យដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើមនោះ គឺជាកាតព្វកិច្ចរបស់យើងម្នាក់ៗ ដែលជាប្រជាពលរដ្ឋល្អត្រូវធ្វើ ដើម្បីផលប្រយោជន៍រួមរបស់យើងផ្ទាល់ ក៏ដូចជាសង្គមជាតិរបស់យើង។

សម្ដេចហេង សំរិន បន្ថែមថា៖ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាការថែរក្សាសុខុមាលភាពសង្គមជាតិរបស់យើង ឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីមេរោគដ៏កាសសាហាវនេះ។ ការដែលយើងមិនចូលរួមគោរពអនុវត្តច្បាប់ ប្រៀបដូចយើងបានបំផ្លាញសុខភាពយើង សុខភាពគ្រួសារយើង និងសង្គមសេដ្ឋកិច្ចជាតិយើង ហើយនឹងត្រូវទទួលរងការពិន័យនិងផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមានទៀតផង។ សូមជនរួមជាតិបានប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារនាចុងសប្តាហ៍នេះ៕SRP