ខេត្តសៀមរាប៖ក្រុមមន្ត្រីបាននាំគ្នាដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញាចំនួន៩មុខ ទង្ងន់ជាង១តោន ដែលបានបង្ក្រាបកាលពីឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ការដុតកម្ទេចទំនិញទាំងនេះ ធ្វើឡើងនារសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះ នៅទីលានចាក់សំរាម ក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រសាទបាគង។
លោកបន្តថា ទំនិញទាំងនេះ គឺបានបង្ក្រាបកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ ១១២-១១៤ ក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ផុក ឆៃ អាយុ៤៧ឆ្នាំ សញ្ញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះ អ៊ឹង ជូ អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ។ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតទំនិញខូច គុណភាព និងក្លែងបន្លំម៉ាកសញ្ញា និងផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន០៩មុខ ស្មើនឹងទម្ងន់ជាង០១តោន។
ករណីនេះម្ចាស់ផ្ទះ ដែលជាជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់រួចហើយ៕SRP