ថៅកែហាងរាជនីបបរស ដ៏ល្បីនៅក្រុងសៀមរាប ប្រើអំពើហិង្សាលើកូនស្រី

ថៅកែហាងរាជនីបបរស ដ៏ល្បីនៅក្រុងសៀមរាប ប្រើអំពើហិង្សាលើកូនស្រី

ខេត្តសៀមរាប៖ករណីថៅកែភោជនីយដ្ឋានហាងយីហោ រាជនីបបរស ប្រើអំពើហិង្សាលើកូនស្រីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយបែកធ្លាយតាមហ្វេសប៊ុក បន្ទាប់ពីលាក់បាំងបានប៉ុន្មានថ្ងៃ។ ប៉ុន្តែ ក៏ត្រូវបានបញ្ចប់ទៅវិញ ដោយធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច។

ថៅកែហាងភោជនីយដ្ឋាន រាជនីបបរស មានឈ្មោះ តេង នរ៉ា ហៅសេង ។ចំណែកកូនស្រីរងគ្រោះ មានឈ្មោះ អ. គ.ឡ អាយុ១៨ឆ្នាំ។ អ្នកទាំង២រស់នៅភោជនីយដ្ឋានរាជនីបបរសស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦។

ហេតុការណ៍អំពើហិង្សាលើក្មេងស្រីនេះ ត្រូវបានបែកធ្លាយតាមរយ:ហ្វេសប៊ុកឈ្មោះMorn Sovanny ដោយសរសេរថា «ក្មេងស្រីឈ្មោះអ.គ.ឡ ត្រូវបានវាយនៅក្នុងបន្ទប់ នៅក្នុងភោជនីយដ្ឋានរាជនីបបរស។រាល់ថ្ងៃត្រូវបានដកហូតទូរស័ព្ទ បិទសិទ្ធិសេរីភាពមិនអោយចេញក្រៅ មិនអោយទាក់ទងជាមួយបងប្អូន។ស្នើសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៌ទៅលើក្មេងស្រីនេះផង ដែលត្រូវបានវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ និងក្បាលនៅថ្ងៃទី ០៩.០៣.២០២១»។ ក្រោយបែកធ្លាយរឿងហិង្សាខាងលើនេះតាមហ្វេសប៊ុក សមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ផងដែរ។

យោងតាមរបាយការណ៍ របស់នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប ចុះថ្ងៃទី១១ខែមីនាឆ្នាំ២០២១បង្ហាញថា នៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ មានអាខោនហ្វេសប៊ុកឈ្មោះ MornSovanny បានបង្ហោះថាក្មេងស្រីឈ្មោះ អ.គ.ឡ ដូចរៀបរាប់ខាងលើ សមត្ថកិច្ចបានចុះទៅដល់និងនាំយកអ្នកពាក់ពន្ធ័មកសាកសួរ។

របាយការណ៍បង្ហាញទៀតថា ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ អ .គឹ ឡ ភេទស្រី អាយុ១៨ឆ្នាំ ជាជនរងគ្រោះបានបំភ្លឺថា៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១ឪពុកបង្កើតរបស់ខ្លួនឈ្មោះ តេង នរ៉ា បានបើកទ្វារបន្ទប់របស់ខ្លួន ដោយនៅក្នុងចន្លោះពីម៉ោង១០ទៅម៉ោង១១ ហើយបានយកដែកព្យួរខោអាវវាយមកលើខ្លួនបណ្តាលឲ្យជាំលើកដៃឆ្វេង លើខ្នងដៃខាងស្តាំ លើខ្នង លើភ្លៅ និងជង្គង់ទាំងសងខាង មិនបណ្តាលឲ្យដាច់រលាត់សាច់នោះទេ គ្រាន់តែដាំ ហើយ ក៏បានយកថ្នាំពណ៌ស្វាយលាបឲ្យ ដោយមូលហេតុខ្លួនបានលួចលុយ៥០០០ដុល្លារ ទៅឲ្យបុរសម្នាក់ដែលទាក់ទងគ្នាដោយមិនស្គាល់គ្នាច្បាស់លាស់ទេ ហើយលេខទូរស័ព្ទ បុរសនោះក៏មិនស្គាល់ដែល និងម្យ៉ាងទៀតខ្លួនមិនសូវជួយការងារផ្ទះផងនិងមិនស្តាប់ ដំបូន្មានឪពុកផងទើបគាត់វាយខ្លួន។ ពេលម្តាយលាបថ្នាំឲ្យខ្លួនបានថតស្លាកស្នាមហើយបញ្ជូនរូបនេះទៅឲ្យជីដូន ឈ្មោះ Morn Sovanny ហើយឈ្មោះ MornSovanry បានសរសេរថែមបង្ហោះក្នុង បណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ចំពោះរឿងនេះខ្លួនមិនប្តឹងផ្តល់អ្វីទេ សូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា ឪពុក បញ្ឈប់ អំពើហិង្សាមកលើខ្លួន។

ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ តេង នរ៉ា ហៅ សេង ជាឪពុកបានសារភាពថា បានយកក្រាសសិតសក់និងដែកព្យួរខោអាវវាយទៅលើកូនស្រីមែន តែមិនធ្ងន់ធ្ងរទេ ដោយសារតែខឹងនឹងកូនស្រីលួចប្រាក់និងមិនស្តាប់ដំបូន្មាន ហើយដើរលេង សេពគប់ មិត្តភ័ក្តមិនល្អ។

ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ស៊ឹម ធារី ត្រូវជាម្តាយបង្កើតបានឆ្លើយថាប្តីរបស់គាត់ឈ្មោះ តេង នរ៉ា ហៅ សេងបានយកដែកស្នាអាវវាយកូនពិត ប្រាកដមែន។ ចំពោះរឿងនេះគាត់ក៏មិនប្តឹងផ្តល់ ប្ដីគាត់ឈ្មោះ តេង នរ៉ាដែរ។

ក្រោយពីបានការឯកភាពពីព្រះរាជអាជ្ញាកម្លាំងការិយាល័យជំនាញនិងអធិការក្រុងសៀមរាបធ្វើកិច្ចសន្យា ឈ្មោះ តេង នារាំ ដែលជាឪពុកបង្កើតឲ្យបញ្ឈប់ប្រើអំពើហិង្សាទៅលើកូនស្រីបន្តទៀត។ ចំណែកកូនក៏ធ្វើកិច្ចសន្យាឲ្យកែប្រែខ្លួនទៅជាកូនល្អ។

តាមរយ:ហ្វេសប៊ុកដែលបង្ហោះរឿងហិង្សាខាងលើ ដែលមានគេស៊ែរាប់ពាន់នាក់ (មានមតិមហាជននិយាយតៗគ្នាថា គេនឹងរងចាំមើលថា តើអំពើហិង្សាមួយនេះ អ្នកប្រព្រឹត្តិអាចមានទោសដែរឬទេ?៕SRP