លោកឃឹម ប៊ុនសុង ដឹកនាំប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ គូលែន៣១៧

លោកឃឹម ប៊ុនសុង ដឹកនាំប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ គូលែន៣១៧

ខេត្តសៀមរាប៖លោកឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាង សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ព្រឹកមិញនេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះជួបសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកឃឹម ប៊ុនសុង បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ រួមទាំងយោធិនក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ នឹងចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុត របស់យោធិនពិការ ទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និង រកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ។

លោកក៏បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង អង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និង វិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ។

លោកក៏បានធ្វើការផ្តាំផ្ញើ ដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និង សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី សូមឲ្យបងប្អូនចូលរួមអនុវត្ត នូវវិធានការ ការពារ កូវីដ ១៩
(៣ ការពារ -ពាក់ម៉ាស -លាងដៃ -គម្លាតសុវត្ថភាពសង្គម និង គម្លាតសុវត្ថភាពបុគ្គល
៣កុំ -កុំចូកទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
-កុំទៅកន្លែងមនុស្សច្រើនកុះករ-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម)។

នាឱកាសនោះដែរ លោកឃឹម ប៊ុនសុង ក៏បាននាំយកអំណោយ សម្តេចទៀ បាញ់ នូវអង្ករ៥តោន និងថវិកា៥លានរៀល ជូនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែនគូលែន៣១៧សៀមរាប នឹងប្រគេនដល់វត្ត ព្រះខ័នសែនជ័យនូវ អង្ករចំនួន ៥០០គីឡូក្រាម ថវិកា១លានរៀល រួមទាំង ត្រីខ មី ប៊ីចេង ស្ករស ទឹកដោះគោ។ ចំណែកគ្រួសារ យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស,ប៊ីចេង,ទឹកដោះគោ និង ថវិកា៣ម៉ឺនរៀល និងផ្តល់ជូន សិស្សានុសិស្ស ចំនួន ៦៥៧ នាក់ ក្នុង ម្នាក់ ទទួលបានថវិកា ៥ពាន់រៀល សៀវភៅ២ក្បាល និង ប៉ិច១ដើម៕SRP