អភិបាលស្រុកជីក្រែងថា ស្ថានភាពពលរដ្ឋ ចូលមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ពីច្រកខេត្តកំពង់ធំ ថយចុះជាងមុន

អភិបាលស្រុកជីក្រែងថា ស្ថានភាពពលរដ្ឋ  ចូលមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ពីច្រកខេត្តកំពង់ធំ ថយចុះជាងមុន

ខេត្តសៀមរាប៖អភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន ដែលបានប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ សុខភាពបឋម ជាប់ព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានថ្លែងឱ្យដឹងនៅរសៀល ថ្ងៃទី១១ ខែមីនា នេះថា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ទី១០ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋមសម្រាប់ ប្រជាពលរដ្ឋ ចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ គឺបានចំនួន២៧៣១នាក់ ក្នុងនោះបានស្កេនឃ្យូអរកូតបានចំនួន៧៣៩នាក់។ ក្នុងប្រជាពលរដ្ឋទាំងនេះ មិនទាន់ឃើញមានជនណាម្នាក់សង្ស័យពាក់ព័ន្ធកូវីដ-១៩ ហើយត្រូវឱ្យធ្វើចត្តាឡីស័ននៅឡើយទេ។

អភិបាលស្រុកបានថ្លែងបន្តថា សម្រាប់ថ្ងៃទី១១ខែមីនានេះ គិតត្រឹមរសៀលថ្ងៃទី១១នេះ ស្ថានភាពប្រជាពលរដ្ឋ ចូលមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ តាមច្រកមកពីខេត្តកំពង់ធំ មានការថយចុះជាងមុន កត្តាទាំងនេះ អាចបណ្តាលមកពី ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយមិនហានចេញដើរ ដោយសារការរីករាលដាលនៃមេរោគកូវីដកាន់តែខ្លាំង។

សូមជម្រាបថា កាលពីថ្ងៃទី០៩ខែមីនាឆ្នាំ២០២១ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុន្តែការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
ក្នុងនោះក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឱ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩”ផងដែរ៕SRP