កាកបាទក្រហមខេត្តសៀមរាប ផ្ដល់អំណោយដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តកំពង់ធំ

កាកបាទក្រហមខេត្តសៀមរាប ផ្ដល់អំណោយដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តកំពង់ធំ

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃពុធ ថ្ងៃទី១០ ខែមីនា ម្សិលមិញ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យ សុខភាព បឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។

លោកគុជ លីណា ក្នុងនាមតំណាងលោកទៀ សីហា ប្រធានកាកបាទក្រហមខេត្តសៀមរាប បានលើកឡើងថា នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍២០កុម្ភៈ កាន់តែរីករាលដាលហើយ។

លោកក៏បានថ្លែងអំណរគុណ និងសូមសរសើរចំពោះមន្ត្រី និងក្រុមការងារ ប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវជាសកលនេះ។

លោកបានបន្ថែមថា អំណោយដែលឧបត្ថម្ភ នាពេលនេះ ទោះបីមានចំនួនតិចតួចក្ដី តែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារ ដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីសុខសុវត្ថិភាព សាធារណៈ ក្នុងសហគមន៍យើង។

អំណោយមនុស្សធម៌ ដែលបានឧបត្ថម្ភរួមមាន៖ មី៣០កេស ត្រីខ២០យួរ ទឹកបរិសុទ្ធ១៥កេស ទឹកផ្លែឈើ៥កេស ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ៕SRP