ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតមួយទំព័របំភ្លឺជុំវិញហ្វេសប៊ុក ពេជ្រ ស្រស់ បង្ហោះថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ។
ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់រដ្ឋបាលខេត្តសៀមរាប៖
រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ និង អន្តរជាតិមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីបង្ហោះព័ត៌មានក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ បានផ្សព្វផ្សាយនៅក្នុង បណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ ខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់ កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍរបស់រដ្ឋនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នក សារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋានលើ ដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ(LMAP)បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែល បានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការ ប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់ នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។
ដោយយោងតាមតម្រូវការចាំបាច់ និងដើម្បីបម្រើផលប្រយោជន៍ សាធារណៈ ស្របតាមគោលការណ៍ របស់ រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបាន ចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋ ១៩គ្រួសាររុះរើលំនៅដ្ឋាន និងសំណង់ការ្យផ្សេងៗចេញពីដីប្រព័ន្ធ ការពារដែលជាដី សាធារណៈរបស់រដ្ឋ និងបានរៀបចំដីសម្រាប់ដោះស្រាយគោលនយោបាយ ស្របតាម គោលការណ៍សម្បទានសង្គមកិច្ចរបស់រដ្ឋ ដើម្បីឲ្យពួកគាត់ទៅរស់នៅទីតាំងផ្សេង៕SRP

