ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

ខេត្តកំពង់ចាម៖ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកំណត់លើទីតាំងទំហំ១៥០០០ម៉ែត្រការ៉េ ឬស្មើនឹង១៥០ហិកតា ដែលបានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែឧសភា ពោលគឺមុនការមកដល់នូវរដូវវស្សា។ យ៉ាងណាក៏ដោយ សម្ដេចស ខេង បានសង្កត់ធ្ងន់ថា ប្រតិបត្តិការ មិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមីនា ព្រឹកមិញនេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ
ស្ថិតនៅភូមិវាលនេះ។

ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន១៥,២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។

ដោយឡែកនៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ១២.៧ម.មចំនួន១៩,០៨៧គ្រាប់, គ្រាប់៦០ ម.ម ៨៧គ្រាប់, គ្រាប់៨១ ម.ម ៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧៨ដើម និងសម្ភារសឹកមួយចំនួន៕SRP